រដ្ឋមន្រ្តីវប្បធម៌ ចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធ

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២០ ខែមីនា បានចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា​ និងខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ​។

តាមដានជាមួយយើង៖ Million Times

ក្នុងការចុះត្រួតពិនិត្យនេះ លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុត ចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដែលជាសម្បត្តិរបស់មនុស្សជាតិ។

លោកជំទាវ ភឿង សកុណា បានបន្ថែមថា «ការខូចខាត​ បាក់បែក​ ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះ មានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាត រៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅ ដែលបានកត់ត្រាការខូចខាតសរុបចំនួន​ ៥៦២កន្លែង»។

អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌​ ហើយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ​ ទោះក្នុងកាលៈទេសៈណាក៏ដោយ​ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២​ ស្តីពី បេតិកភណ្ឌពិភពលោក​ និងអនុសញ្ញាឆ្នាំ ១៩៥៤​ ស្តីពី កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។

បើតាមអាជ្ញាធរជាតិព្រះវិហារដដែល ប្រាសាទព្រះវិហាររងការខូចខាតចំនួន​ ១៤២កន្លែង​ នៅក្នុងការវាយប្រហារដោយប្រដាប់អាវុធកាលពីខែកក្កដា​ និងខូចខាតបន្ថែមចំនួន​ ៤២០កន្លែងទៀត ក្រោយខែធ្នូឆ្នាំ ២០២៥​ ដោយរាប់ចាប់ពីចំណុចពើយតាឌីគោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការ របស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ៕

អត្ថបទ៖ វីរៈ រូបភាព៖ អាជ្ញាធរជាតិព្រះវិហារ