ការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម សម្រេចបានប្រមាណ ៥៧%ហើយ ដោយការសាងសង់នេះ គឺជាការធ្វើទំនើបកម្មវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែមីនា បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ដែលស្ថិតក្នុងបរិវេណក្រសួងធនធានទឹក និងឧតុនិយម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា គិតមកទល់ពេលនេះ វឌ្ឍនភាពនៃគម្រោងសាងសង់ទាំងមូលសម្រេចបានប្រមាណ ៥៧%។ ក្រៅពីការវាយតម្លៃខ្ពស់លើលទ្ធផលការងារ ឯកឧត្តម បានជំរុញឱ្យបង្កើនសន្ទុះនៃការអនុវត្តគម្រោងបន្ថែមទៀត ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យបានម៉ត់ចត់បំផុតតាមលក្ខខណ្ឌបច្ចេកទេស និងកិច្ចសន្យា ដើម្បីធានានូវគុណភាពសំណង់ប្រកបដោយស្តង់ដារ។

គួរឱ្យដឹងថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយមនេះ នឹងដើរតួនាទីជាយុទ្ធសាស្ត្រ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបែបឌីជីថល ដើម្បីបម្រើឱ្យការងារព្យាករណ៍ និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជាក់លាក់ខ្ពស់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក


