អាជ្ញាធររាជធានីភ្នំពេញ បានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅទីតាំងមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានឃាត់ខ្លួនជនជាតិចិន ១៩នាក់។

ប្រតិបត្តិការដែលបានធ្វើឡើងកាលថ្ងៃទី ១៧ ខែមីនា សមត្ថកិច្ចបានដកហូតសម្ភារៈភស្តុតាងមួយចំនួន រួមមាន៖ ទូរសព្ទដៃ ១២៣គ្រឿង, កុំព្យូទ័រ All in One ៨គ្រឿង, ម៉ូនីទ័រ ២គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង, CPU ១គ្រឿង មួក និងឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចចិនចំនួន ៣កំប្លេ។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ គឺក្រុមជនសង្ស័យទាំងនេះ បានប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងបង្កប់ ដើម្បីធ្វើសកម្មភាពឆបោកតាមអនឡាញ Online Scam ក្រោមរូបភាពក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង ជាសមត្ថកិច្ចប្រទេសចិន។

បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
សូមជម្រាបថា សម្ដេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ ២០២៦នេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ ហើយរាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕
អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មការ គ.ប.ឆ.ប.


