កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង ហើយមានផែនការពង្រីកការនាំចេញឈានទៅដល់ប្រមាណ ៤០០ លានដុល្លារ នាពេលអនាគត។ នេះបើតាមការប្រកាសពីក្រសួងពាណិជ្ជកម្ម។

នៅថ្ងៃ ១១ ខែមីនា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្មលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានអនុញ្ញាតឲ្យលោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy – CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និងតំណាងក្រុមហ៊ុន Men Sarun MDR Co., Ltd. ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចិន ព្រមទាំងស្វែងយល់ពីសក្ដានុពលក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។

លោក សំហេង បូរ៉ា ក៏ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group Co., Ltd. និងក្រុមហ៊ុន Men Sarun MDR Co., Ltd.។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្ដើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារ ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្ដានុពលទឹកប្រាក់ប្រមាណ ៤០០ លានដុល្លារ នាពេលអនាគត។
គួរបញ្ជាក់ថាគ្រាប់ស្វាយចន្ទី M23 ជាពូជយុទ្ធសាស្រ្តរបស់កម្ពុជា ដែលមានគ្រាប់ធំ រសជាតិឆ្ងាញ់ និងសារធាតុចិញ្ចឹមខ្ពស់។ កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលមកវិញប្រមាណ ១,៥ពាន់លានដុល្លារ៕


អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម


