កាលខែកុម្ភៈ ឆ្នាំ ២០២៦ កម្ពុជាទទួលបាគម្រោងវិនិយោគ ៤២ ក្នុងទំហំទុនវិនិយោគសរុប ១៦៦ លានដុល្លារ

គម្រោង​វិនិយោគ ៤២ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ ១៦៦ លាន​ដុល្លារ ត្រូវ​បាន​ចុះ​បញ្ជី​នៅ​កម្ពុជា កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២៦ គម្រោង​វិនិយោគ​សរុប​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​កម្ពុជា​ទាំង​ការ​ចុះ​បញ្ជី​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ទាំង​ការ​ចុះ​បញ្ជី​ដោយ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី ខេត្ត និង​អាច​បង្កើត ការងារ​សរុប​ប្រមាណ ២៤ ពាន់​កន្លែង។

តាមដានជាមួយយើង៖ Million Times

ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង ៤២ នេះ មាន​ ១៨ ត្រូវ​បាន​ចុះ​បញ្ជី​ដោយ ក.អ.ក. (ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ៩ គម្រោង និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ៩ គម្រោង) និង​គម្រោង ២៤ ត្រូវ​បាន​ចុះ​បញ្ជី​ដោយ អ.គ.វ.រ.ខ.។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​ចុះបញ្ជី​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២៦នេះ មាន​ជាអាទិ៍​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់, ស្បែកជើង និង​កាបូប, ផលិត​កេស​កាតុង និង​ផលិតផល​ពី​ក្រដាស, ផលិត​គ្រឿង​សង្ហារិម​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះ, ផលិត​សម្ភារ​បោះជំរំ, កែច្នៃ​សំណ​ប៉ាហាំង, ផលិត​ក្ដារ​បន្ទះ, ផលិត​ចំណៀរ​ឈើ, កែច្នៃ​លោហធាតុ និង​ផលិតផល​ពី​ប្លាស្ទិក, ផលិត​សារធាតុ​គីមី, ផលិត​ដើម​ណូអែល, ផលិត និង​ផ្ដុំ​ដំឡើង​ក្បាល​រ៉ូប៊ីណេ, ផលិត​គ្រឿង​បង្គំ​បន្ទះ​សូឡា និង​គ្រឿង​បង្គំ​បរិក្ខារ​អគ្គិសនី៕

អត្ថបទ៖ ឆដា,រូបភាព៖ គណៈកម្មាធិការវិនិយោគកម្ពុជា