ជារឿងដ៏គួរឲ្យមានមោទនភាពមួយ ដែល Tablets ខ្មែរ «K Haitech» របស់ក្រុមហ៊ុន KH Haitech បានចូលរួមឧបត្ថម្ភធំ Diamond Sponsor សម្រាប់ «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា 2026» កាលពីថ្ងៃ ៣ និង ៤ ខែមីនា ឆ្នាំ ២០២៧ កន្លងទៅនេះ។

បើទោះជា «K Haitech» របស់ក្រុមហ៊ុន KH Haitech នោះទើបតែបង្កើតឡើងក៏ពិតមែន តែដោយសារស្ថាបនិកគឺអ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ដែលបានខិតខំប្រឹងប្រែងក្នុងការនាំយកអ្នកជំនាញពីក្រុមហ៊ុនអន្តរជាតិមកបង្ហាត់បង្ហាញ។
កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នេះមានការចូលរួមពីបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០នាក់។ វេទិកានេះនឹងផ្ដល់នូវឱកាស សម្រាប់ការផ្គូផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។ ក្នុងឱកាសនោះដែរ ក្រុមហ៊ុន KH Haitech របស់អ្នកឧកញ៉ាវ័យក្មេងដែលមកពីត្បូងឃ្មុំរូបនេះ ក៏មានវត្តមានដូចគ្នា ត្បិតអីក្រុមហ៊ុនមួយនេះកំពុងកសាងកេរ្តិ៍ឈ្មោះខ្លួនឯង មិនថាតែក្នុងស្រុកនោះទេ ពោលគឺលើឆាកអន្តរជាតិផងដែរ។


នៅក្នុងព្រឹត្តិការណ៍នោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់អារម្មណ៍ និងសាទរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុនកូនខ្មែរ KH Haitech របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ក្រោយពីដាក់តាំងបង្ហាញក្នុងកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ ក្រោមមូលបទ “ការផ្លាស់ប្ដូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម”។
ដោយសារតែមានការរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ទើបបានជាក្រុមហ៊ុន KH Haitech របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ទទួលបានជោគជ័យខ្លាំង ដែលមានថ្នាក់ដឹកនាំកំពូលៗជាច្រើនសុទ្ធតែបានចាប់អារម្មណ៍ និងកោតសរសើរយីហោខ្មែរមួយនេះ។ ជាក់ស្ដែង សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រាន់តែដើរឆ្លងកាត់បន្តិចក៏ ចាប់ចិត្តលើ Tablet ដែលជាគំរូស្នាដៃកូនខ្មែរនេះភ្លាម។ សម្ដេច បានមើល និងកាន់ផ្ទាល់ដៃតែម្ដង ជាមួយស្នាមញញឹមពេញចិត្ត ហើយថែមទាំងលើកទឹកចិត្តឲ្យមាន Tablets ខ្មែរ «K Haitech» ក្នុងការបង្កើតរោងចក្របង្គំបានកាន់តែឆាប់រហ័សនៅកម្ពុជា៕




អត្ថបទ៖ឆដា, រូបភាព៖ ផ្ដល់ឲ្យ


