ក្រសួងពាណិជ្ជកម្ម៖ ប្រេងឥន្ធនៈត្រូវលក់ ផ្តល់អាទិភាពជូនសេវាសាធារណៈ និងកសិករ

នៅ​ព្រឹក​នេះ ក្រសួងពាណិជ្ជកម្ម​បាន​គូស​បញ្ជាក់​ពី​ការ​លក់​ប្រេងឥន្ធនៈ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សេវា​សាធារណៈ​ជា​ការ​ចាំបាច់ និង​កសិករ បុគ្គល​ពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​ផលិត កម្ម និង​ភស្តុ​ភា​កម្ម។ យោង​តាម​សេចក្ដី​ណែនាំ​ស្ដី​ពី​ការ​ពង្រឹង​អនុលោម​ភាព​ក្នុង​ការ​ទិញ​-​លក់​ប្រេងឥន្ធនៈ។

តាមដានជាមួយយើង៖ Million Times

ក្នុង​សេចក្ដី​ណែនាំ​ស្ដី​ពី​ការ​ពង្រឹង​អនុលោម​ភាព​ក្នុង​ការ​ទិញ-លក់​ប្រេងឥន្ធនៈ នៅ​តាម​បណ្ដា​ស្ថានីយ និង​ដេប៉ូ​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ ៩ ខែ​មីនា ឆ្នាំ ២០២៦ បាន​លើក​ឡើង​ថា ដើម្បី​ធានា​បាន​តម្លាភាព​នៃ​ការ​ផ្គត់ផ្គង់ និង​ការ​ទិញ-លក់​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ និង​ដេប៉ូ ក្រសួងពាណិជ្ជកម្ម ដោយ​​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​ចែកចាយ និង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត ត្រូវ​ធ្វើការ​ណែនាំ​ដល់​ស្ថានីយ និង​ដេប៉ូ នៅ​ក្នុង​បណ្ដាញ​ចែកចាយ​របស់​ខ្លួន ឲ្យ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គ្រប់គ្រង​ការ​ទិញ-លក់​ប្រេងឥន្ធនៈ​​បាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន បច្ចេកទេស និង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ។

ក្រសួងពាណិជ្ជកម្ម​បាន​គូស​បញ្ជាក់ និង​ណែនាំ​ឲ្យ​ស្ថានីយ និងដេប៉ូ ផ្តល់​អាទិភាព​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់ រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​បម្រើ​សេវា​សាធារណៈ ជាដើម​ ព្រម​ទាំដល់ប្រជាកសិករ និងបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជាង​១ សប្ដាហ៍​មក​នេះ តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​បាន​ហក់​ឡើង​ថ្លៃ ដោយសារ​សង្គ្រាម​នៅ​អ៊ីរ៉ង់ ជាមួយ​អាមេរិក និង​អ៊ីស្រាអែល។ តែ​នៅ​ព្រឹក​នេះ​តម្លៃ​ប្រេង​ចុះក្រោម ៩០ ដុល្លារ/បារ៉ែល បន្ទាប់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ប្រកាស​ថា សង្គ្រាម​នៅ​អ៊ីរ៉ង់​ជិត​បញ្ចប់​ហើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម