ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គមត្រូវតែទៅមុខ ដោយការបង្វែរការឈឺចាប់ មកជាការខិតខំប្រឹងប្រែងដើរទៅមុខកាន់តែអង់អាច។

ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ នៅដឹ ព្រេមៀរ សេនធរ សែនសុខ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ដោយមើលឃើញពីស្ថានភាពតំបន់ និងសកលលោក កំពុងរងការប្រឈមយ៉ាងខ្លាំង ដោយសារភាពផុយស្រួយនៃសណ្តាប់ធ្នាប់ពិភពលោក ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងតំបន់, អស្ថិរភាពនយោបាយ និងសន្តិសុខសកលលោក ការកើនកម្តៅភូមិសាស្ត្រនយោបាយ សង្គ្រាមរវាងប្រទេសនានា សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងរវាងមហាអំណាច គួបផ្សំនឹងការវិវត្តយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យា ពិសេសចុងក្រោយសង្គ្រាមយោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ដែលកម្ពុជាបានរងគ្រោះសារជាថ្មីទៀត សុទ្ធតែជាមេរៀនសម្រាប់កម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា «យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គម ត្រូវតែទៅមុខ។ កម្ពុជាត្រូវតែខំប្រឹងប្រែងឈរ និងដើរទៅមុខជាប្រចាំ។ ស្ថានភាពកាន់តែមិនច្បាស់លាស់ យើងកាន់តែត្រូវប្រឹងប្រែង! ឆ្នាំ២០២៥ ជាចំណុចរបត់ ដ៏ធំសម្រាប់កម្ពុជា ដែលយើងទាំងអស់គ្នាជាប្រជាជនខ្មែរត្រូវសម្លឹងមើលឱ្យបានឆ្ងាយ, ឱ្យបានស៊ីជម្រៅ និងទូលំទូលាយ អំពីគោលដៅដែលនាវាកម្ពុជាកំពុងឆ្ពោះទៅមុខ ជាពិសេស ដើម្បីសម្រេចបាននូវគោលដៅ ឆ្នាំ២០៥០»។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា “កម្ពុជាត្រូវបន្តខិតខំ ដើម្បីសម្រេចទិសដៅអនាគត ដែលតម្រូវឱ្យមានការកំណត់មាគ៌ាដឹកនាំ ដែលគ្រប់គ្រងបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹម មានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការអភិវឌ្ឍន៍របស់ខ្លួន។ ប្រាកដណាស់ យើងត្រូវពន្លឿនការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម និងការពង្រឹង ភាពប្រកួតប្រជែង តាមរយៈការជំរុញ និងការទាក់ទាញឧស្សាហកម្មចំគោលដៅ ដែលមានតម្លៃបន្ថែមខ្ពស់, បង្កើនល្បឿនការដ្ឋានកែទម្រង់ជា «ប្រព័ន្ធរដ្ឋបាលតែមួយ» ក្រោមស្មារតី ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិន និងសហគមន៍ធុរកិច្ច៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមុខងារសាធារណៈ


