ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុកប្រេងឥន្ធនៈ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី៦ ខែមីនានេះ បានឱ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តឱ្យល្អស្របតាមស្តង់ដា និងក្រមប្រតិបត្តិដែលស្ថានីយលក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។

ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត បាននឹងកំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាការលក់និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម


