ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារអតីតសាលាបឋមសិក្សារខេមរបុត្រ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ដោយសារគុណភាពសំណង់អគារនេះ មានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយថ្ងៃទី៣ ខែមីនានេះ បានឱ្យដឹងថា យោងតាមលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ក្រសួង ដ.ន.ស. បានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ។

ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះ ស្រទាប់បេតុងនិងសរសៃ ដែកភាគច្រើនបំផុតនៃឆ្នើម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមក្រែធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ” ។

ក្នុងន័យនេះ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិតរបស់ប្រជាពលរដ្ឋកំពុង រស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សាខេមរបុត្រ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធរបស់អគារខាងលើនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះអគារអតីតសាលាខេមរបុត្រ” នៅទីតាំងអគារ ផ្លូវលេខ៩៣ កែងផ្លូវលេខ២៨២ ភូមិ៣ សង្កាត់បឹង កេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចជា៖ មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ, ធ្វើការហ៊ុមព័ទ្ធ និងហាមឃាត់ការចូលទីតាំងអគារនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី


