អ្នកឧកញ៉ា គិត ម៉េង មានមោទនភាពចំពោះវឌ្ឍនភាពទូរទស្សន៍ CTN បង្កើតឡើងកាលពី ២៣ឆ្នាំមុន

អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញមោទនភាពចំពោះវឌ្ឍនភាពរបស់ស្ថានីយទូរទស្សន៍ CTN ដែលលោកបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០០៣កន្លងទៅនេះ។

តាមដានជាមួយយើង៖ Million Times

តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៣ ខែមីនានេះ អ្នកឧកញ៉ា បានសរសេរថា កាលពី ២៣ឆ្នាំមុន CTN បានចាប់ផ្តើមពីស្ថានីយទូរទស្សន៍តូចមួយក្នុងស្រុក ដោយ CTN ធ្លាប់ត្រូវបានទទួលស្គាល់ថា ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលផ្សាយទៅកាន់ពិភពលោក។

ដំណើរប្រតិបត្តិការដ៏វែងឆ្ងាយនេះបានរំឭកអ្នកឧកញ៉ា ពីសមិទ្ធផលដែលទូរទស្សន៍មួយនេះសម្រេចបាន មិនត្រឹមតែជាក្រុមហ៊ុនមួយប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាប្រទេសមួយដែលពិភពលោកបានឮ និងមើលឃើញផងដែរ។

អគ្គនាយករូបនេះ បានបន្ថែមថា CTN បានក្លាយជាសមាជិកនៃសម្ព័ន្ធទូរទស្សន៍កម្ពុជា និងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា (CBS) ហើយមានកម្មវិធីអប់រំ បំផុសគំនិត និងបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់គ្រួសារខ្មែររាប់លាននាក់។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមទៀតថា សមិទ្ធផលទាំងនេះមិនមែនសម្រេចបានដោយសារតែមនុស្សម្នាក់នោះទេ ប៉ុន្តែដោយសារការខិតខំទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ក្រុមការងារទាំងអស់ ប្រកបដោយភាពស្ងប់ស្ងាត់ ដោយទំនុកចិត្តពីដៃគូ និងភក្តីភាពរបស់ទស្សនិកជន ដោយអ្នកឧកញ៉ាពិតជាដឹងគុណយ៉ាងជ្រាលជ្រៅ។

ជាមួយគ្នានេះ ក្នុងនាមជាអគ្គនាយក អ្នកឧកញ៉ា គិត ម៉េង មានមោទនភាពចំពោះវឌ្ឍនភាពរបស់ស្ថានីយទូរទស្សន៍ CTN ភាពឱនលំទោនក្នុងការទទួលខុសត្រូវ ហើយអ្នកឧកញ៉ាមានទំនុកចិត្តលើភាពរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា។

អគ្គនាយកស្ថានីយទូរទស្សន៍ CTN បានលើកឡើងថា «គោលដៅអនាគតរបស់យើង គឺបន្តភាពរីកចម្រើនប្រកបដោយអត្ថន័យ ភាពច្នៃប្រឌិតចេញពីបេះដូង និងចែករំលែករឿងរ៉ាវដែលលើកតម្កើងប្រជាជនយើង និងបង្ហាញពីអត្តសញ្ញាណរបស់យើង»។

អ្នកឧកញ៉ា គិត ម៉េង លើកឡើងទៀតថា ស្ថានីយទូរទស្សន៍ CTN សម្រេចបានសមិទ្ធផលជាច្រើនក្នុងដំណើរកន្លងមក ហើយ CTN រក្សាការខិតខំប្រឹងប្រែងដ៏មានអត្ថន័យទៅថ្ងៃអនាគតបន្តទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកអ្នកឧកញ៉ា គិត ម៉េង