នៅពេលសាងសង់រួចរាល់ ទំនប់ទឹកស្ទឹងឃ្លៀចនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខទឹក តាមរយៈការផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រូវទាំងរដូវវស្សាចំនួន និងរដូវប្រាំង ខណៈគិតត្រឹមពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦នេះ ការសាងសង់សម្រេចបានប្រមាណ ១៥%ហើយ។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានបង្ហាញវីដេអូ 3D អំពីគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពី និងប្រហែល ១២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ក្រសួងធនធានទឹក បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ដែលត្រូវសាងសង់ រួមមាន៖ តួទំនប់មេ (១កន្លែង) ទំនប់បង្ហៀរ (១កន្លែង) ទ្វារទឹក (១កន្លែង) អគារគ្រប់គ្រងទំនប់ (១កន្លែង) ផ្លូវចូលទីតាំងគម្រោងប្រវែង ១៣ គីឡូម៉ែត្រ ចំនួន ១ខ្សែ និងសំណង់លូដោះទឹកនានាតាមបណ្តោយផ្លូវ ដោយតាមគម្រោងត្រូវចំណាយពេលសាងសង់ចំនួន ៣៦ខែ ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែធ្នូ ឆ្នាំ២០២៨។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ទំនប់ទឹកស្ទឹងឃ្លៀច ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខទឹក តាមរយៈការផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៣៥,០០០ហិកតា និងស្រូវប្រាំងចំនួន ៥,០០០ ហិកតា។

ក្រៅពីបម្រើឱ្យវិស័យកសិកម្ម គម្រោងនេះ ក៏ផ្ដល់នូវប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម គ្របដណ្ដប់លើភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល និងខេត្តតាកែវ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក


