ក្រសួងធនធានទឹក កំពុងផ្តោតលើការគ្រប់គ្រងធនធានទឹក ការកសាង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទំនើបៗ

ក្រសួងធនធានទឹក និងឧតុនិយម កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានទឹក ការកសាង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទំនើបៗ ដើម្បីធានាសន្តិសុខទឹកសម្រាប់បម្រើឱ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

តាមដានជាមួយយើង៖ Million Times

ខាងលើនេះជាការបញ្ជាក់របស់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងតួកគី នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

បន្ថែមលើនេះ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីបេសកកម្ម និងគោលនយោបាយអាទិភាពរបស់ក្រសួង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមឯកឧត្ដម ថោ ជេដ្ឋា ក្រសួងធនធានទឹក និងឧតុនិយម កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការកសាង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទំនើបៗ ដើម្បីធានាសន្តិសុខទឹក សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ វិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងការងារព្យាករណ៍ឧតុនិយម ឱ្យកាន់តែមានសុក្រឹតភាពខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានស្នើសុំឱ្យភាគីតួកគី ពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យធនធានទឹក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសទំនើបៗក្នុងការគ្រប់គ្រងទឹកឆ្លងដែន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធធារាសាស្ត្រ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម