គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២,៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២១,១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន ៦,៦៨៣នាក់ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី២០ ខែកុម្ភៈនេះ។

ប្រភពដដែល បានឱ្យដឹងបន្តថា ការចុះត្រួតពិនិត្យនេះ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

ទីតាំងដែលអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យនោះ រួមមាន៖ អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។ នៅក្នុងរយៈពេល ១៥ថ្ងៃនេះ អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសចំនួន ៤០ករណី ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ២៨៤នាក់ ក្នុងនោះស្ត្រី ៣១នាក់ មកពី១៣សញ្ជាតិ រួមមានៈ វៀតណាម ចិន មីយ៉ានម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី។

ក្នុងចំណោមករណីបង្ក្រាបខាងលើ សមត្ថកិច្ចដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ករណី ដែលមានមេខ្លោង និងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន ២២នាក់ សិង្ហបុរី ១នាក់ និងខ្មែរ ១នាក់សរុបទាំងអស់ ២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕
អត្ថបទ៖ វីរៈ រូបភាព៖ គ.ប.ឆ.ប.


