ក្រសួងធនធានទឹក និងឧតុនិយម គ្រោងដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ នៅក្នុងភូមិសាស្រ្តស្រុកពញាឮ ខេត្តកណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើព្យាករអាកាសធាតុ ឱ្យកាន់តែច្បាស់លាស់។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់ដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ ដែលស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមក្រសួងធនធានទឹក និងឧតុនិយម គម្រោងសាងសង់ស្ថានីយរ៉ាដាថ្មីនេះ ត្រូវបានអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយការដំឡើងស្ថានីយរ៉ាដាប្រភេទ Doppler Radar នេះ មានសារៈសំខាន់ណាស់ក្នុងការផ្តល់ទិន្នន័យទាន់ពេលវេលា (Real-time) ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើព្យាករអាកាសធាតុ និងធាតុអាកាសឱ្យកាន់តែច្បាស់លាស់។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា ស្ថានីយរ៉ាដាថ្មីនេះ ក៏ជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងធនធានទឹក និងបម្រើដល់ពហុវិស័យដូចជា៖ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងគមនាគមន៍ ជាពិសេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសកល។

គួរឱ្យដឹងដែរថា ស្ថានីយរ៉ាដាតេជោសែនទី១ មានទីតាំងនៅរាជធានីភ្នំពេញ ដោយបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២មកម្លេះ។ ស្ថានីយរ៉ាដាតេជោសែនទី១ មានចំនួន ១៣ជាន់ ដោយក្នុងនោះមាន ៥ជាន់ ជាការិយាល័យសម្រាប់បំពេញការងារ ជាមួយនិងមជ្ឈមណ្ឌលព្យាករណ៍ធាតុអាកាស៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម


