អាមេរិក វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា ក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើន

ឯកអគ្គរដ្ឋទូត តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលើកឡើងពីការខិតខំរបស់កម្ពុជា ក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាមេរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។  

ការលើកឡើងយ៉ាងដូច្នេះ គឺនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ។  

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាមេរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។

លោកថា ជាក់ស្ដែង ពាណិជ្ជកម្មទ្វេភាគី អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត ២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងទំហំពាណិជ្ជទ្វេភាគីក្នុងឆ្នាំ២០២៤ ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជាក៏កើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 

ចំណែកសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងការចរចា និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាមេរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ ១៩% លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះ សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានសម្ដែងនូវសុទិដ្ឋិនិយមថា ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ, ទំនាក់ទំនង កម្ពុជា-អាមេរិក នឹងកាន់តែប្រសើរឡើង ជាពិសេសជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី និងកំណើនការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា។

បន្ថែមលើនេះ សម្ដេចធិបតី បានបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូត Jamieson Greer ថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងដើម្បីបញ្ចប់នូវការបំពេញនិតីវិធីនានា សំដៅជំរុញការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចធិបតី