ការសាងសង់កំពង់ផែនេសាទពិជ័យសេនាជ្រោយប្រស់ មានគោលបំណងលើកកម្ពស់ជីវភាពរស់នៅជូន ពលរដ្ឋនៅឃុំជ្រោយប្រស់

ការសាងសង់កំពង់ផែនេសាទពិជ័យសេនាជ្រោយប្រស់ មានគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋប្រមាណ ៥០០គ្រួសារ ដែលរស់នៅដោយប្រកបរបរនេសាទតាមមាត់ទឹក នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ឱ្យមានភាពប្រសើរឡើងប្រកបដោយផាសុកភាព និងបរិស្ថានស្អាត។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមដានជាមួយយើង៖ Million Times

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈថា កំពង់ផែនេសាទពិជ័យសេនាជ្រោយប្រស់ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០២២ ដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយយោងតាមសំណើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។

កំពង់ផែនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ១០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធផែសំខាន់ៗ រួមមាន៖ កំពង់ផែបេតុងទំហំ ៣,២៣៩ម៉ែត្រការ៉េ, អគាររង់ចាំទំហំ ១១ម៉ែត្រ x ១៣ម៉ែត្រ ចំនួន​ ១ខ្នង, ផ្សារលក់ផលនេសាទទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ និងរោងរង់ចាំអ្នកដំណើរចំនួន ២កន្លែង ទំហំ ៦ម៉ែត្រ x ១៥ម៉ែត្រ។ ចំណែកឯផ្លូវនាវាចរណ៍មានប្រវែងប្រមាណ ១០គីឡូម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបន្តថា កំពង់ផែនេសាទពិជ័យសេនាជ្រោយប្រស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈការលក់ផលនេសាទ និងជាមជ្ឈមណ្ឌលភ្ញៀវទេសចរ ដើម្បីតភ្ជាប់ទៅតាមភូមិ កោះ និងតំបន់ឆ្នេរទាំង ៥ នៅកោះកុងក្រៅផងដែរ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បន្ទាប់ពីត្រូវបានអភិវឌ្ឍន៍ និងសាងសង់ជាប​ន្តបន្ទាប់តាមដំណាក់កាល តាំងពីឆ្នាំ២០២២មក នៅឆ្នាំ២០២៦ និងឆ្នាំជាបន្តបន្ទាប់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក៏មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់ជុំវិញកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីបង្កើននូវកម្រិតសន្តិសុខ និងសុវត្ថិភាពកំពង់ផែ ឱ្យកាន់តែប្រសើរឡើងផងដែរ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក៏បានលើកទឹកចិត្តដល់ប្រជានេសាទ ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ បន្តប្រើប្រាស់កំពង់ផែនេះឱ្យបានទូលំទូលាយ ដើម្បីជំរុញលើកកម្ពស់ជីវភាព និងកំណើនទេសចរណ៍នៅក្នុងខេត្តកោះកុង។

កាលពីពេលថ្មីៗនេះ ក្រុមការងារជំនាញ ក៏បានពិនិត្យលើផ្លូវនាវាចរណ៍ ដែលបូមស្តារដោយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយនឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុខ ដើម្បីតភ្ជាប់តំបន់កំពង់ផែនេសាទពិជ័យសេនាជ្រោយប្រស់ (ដែលបម្រើទាំងការនេសាទ និងទេសចរណ៍) ទៅកោះកុងក្រៅ ភូមិឡាំដាំ ភូមិអាវឡាតាន់ និងតំបន់សមុទ្រដែលមានសក្តានុពលផ្សេងទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក