ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពការងារនៅស្ថានីយបូមទឹកព្រែកពោធិ៍ និងគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីប្រែក្លាយស្ថានីយបូមទឹកព្រែកពោធិ៍ឱ្យទៅជាប្រព័ន្ធធារាសាស្ត្រដ៏ទំនើប និងមានប្រសិទ្ធភាពខ្ពស់។

បើតាមឯកឧត្តមរដ្ឋលេខាធិការ ស្ថានីយបូមទឹកនេះ មានសមត្ថភាពអាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរួមមាន៖ ការធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានស្នើដល់ភាគីពាក់ព័ន្ធ សិក្សាលើការបំពាក់បច្ចេកវិទ្យាទំនើបបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង កាត់បន្ថយចំណាយលើការថែទាំ និងពង្រីកវិសាលភាពចែកចាយទឹកឱ្យកាន់តែទូលំទូលាយដល់តំបន់ជុំវិញ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងទំនើបកម្មប្រព័ន្ធធារាសាស្ត្រ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការធានាសន្តិសុខទឹក សម្រាប់បង្កើនផលិតភាពកសិកម្មទាំងរដូវវស្សា និងរដូវប្រាំង ដែលជាកត្តាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក


