ផលិតករភាពយន្តកម្ពុជា-ឥណ្ឌូណេស៊ី ជួបពិភាក្សាស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យភាពយន្ត

ផលិតករភាពយន្តកម្ពុជា-ឥណ្ឌូណេស៊ី បានជួបពិភាក្សាក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី១២ ខែកុម្ភៈ ដើម្បីស្វែងរកឱកាសសហប្រតិបត្តិលើវិស័យភាពយន្ដរវាងប្រទេសទាំងពីរ។

តាមដានជាមួយយើង៖ Million Times

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់មន្ត្រីស្ថានទូតឥណ្ឌូណេស៊ី មន្ត្រីនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ផលិតករភាពយន្តឥណ្ឌូណេស៊ី និងកម្ពុជាចំនួន ៤០នាក់។

ឯកឧត្តម ឯក ប៊ុនថា មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា គាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត ជាមួយភាគីឥណ្ឌូណេស៊ី។

ចំណែកលោក Santo Darmosumarto ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ ដែលវត្តមានភាពយន្តឥណ្ឌូណេស៊ីមានចំនួនច្រើន និងទទួលបានគាំទ្រច្រើននៅក្នុងរោងភាពយន្តកម្ពុជា ដោយសារតែភាពស្រដៀងគ្នានៃវប្បធម៌ និងពណ៌សម្បុរនៃជាតិសាសន៍ទាំងពីរ។

លោកសង្ឃឹមថា អាចជួយជំរុញ និងនាំយកភាពយន្តខ្មែរទៅបញ្ចាំង នៅក្នុងរោងភាពយន្តឥណ្ឌូណេស៊ីផងដែរ នាពេលអនាគត។

ក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញអំពីស្ថានភាពឧស្សាហកម្មភាពយន្តឥណ្ឌូណេស៊ី និងបទពិសោធនៃកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូអន្តរជាតិនានា ដោយលោក Gandhi Priambodho នាយកប្រតិបត្តិនៃផលិតកម្ម Nanyang Bridge និងលោក Ihsan Chaidiansyah លេខាធិការនៃផលិតកម្ម PT Produksi Film  Negara។

ចំណែកតំណាងផលិតករខ្មែរ ក៏មានលោក ឆាយ ប៉ូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា និងលោក អ៊ិន វិចិត្រ ចាងហ្វាងផលិតកម្ម មេឌាឡូត ក៏បានបង្ហាញពីសក្កានុពលនៃឧស្សាហកម្មកម្ពុជា និងបទពិសោធនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងវប្បធម៌