អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានរំលឹកពីប្រវត្តិនៃការជួយសាងសង់វិថីបណ្ឌិត ម៉ុង ឬទ្ធី កាលពី១៨ឆ្នាំមុន ឱ្យសាធារណជនបានដឹង។ បច្ចុប្បន្នផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ដែលពីមុនហៅថា វិថីបណ្ឌិត ម៉ុង ឬទ្ធី មានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះថា ថ្ងៃនេះអ្នកឧកញ៉ា សរសេរប្រវត្តិ វិថីបណ្ឌិត ម៉ុង ឬទ្ធី ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រិយមិត្តដែលបានធ្វើដំណើរឆ្លងកាត់ និងប្រកបអាជីវកម្មអាស្រ័យផលតាមបណ្តោយផ្លូវនេះ ព្រមទាំងកូនចៅជំនាន់ក្រោយៗបានដឹង។

អ្នកឧកញ៉ា បានរំលឹកថា នៅក្នុងឆ្នាំ១៩៩៨ ខ្មែរក្រហមបានយល់ព្រមធ្វើសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបិទបញ្ចប់សង្គ្រាមបង្ហូរឈាមកាប់សម្លាប់ខ្មែរគ្នាឯង ១៩៧០-១៩៩៨=២៨ឆ្នាំសង្រ្គាម។

អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី បានរំលឹកបន្តថា នៅពេលស្រុកមានសង្គ្រាមមិនបានកសាងអភិវឌ្ឍន៍អ្វីនោះទេ គឺជាប់ដៃតែការពារជាតិជាចម្បង។ ដោយសង្កេតឃើញជាក់ស្តែងពីមហន្ដរាយនៃសង្គ្រាម ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងលំនៅឋាន ត្រូវបានខូចខាតស្ទើរតែទាំងអស់ អ្នកឧកញ៉ា ក៏បានចូលរួមចំណែកកសាងអភិវឌ្ឍន៍ឡើងវិញជាច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

និយាយដោយឡែក អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានចាប់ផ្ដើមជួយសាងសង់ វិថីបណ្ឌិត ម៉ុង ឬទ្ធី ក្នុងឆ្នាំ២០០៨ និងរួចរាល់បើកឱ្យដំណើរការក្នុងឆ្នាំ២០០៩។ អ្នកឧកញ៉ារូបនេះ បានបញ្ជាក់ថា «ខ្ញុំសរសេរនេះគ្មានគោលបំណងរំលើកយកគុណស្រ័យអីទេ បើមានបងប្អូនកូនក្មួយណាដឹងគុណក៏បាន បើរមើលគុណក៏មិនអីទេ៕
អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី


