ឥណ្ឌាផ្ដល់ជំនួយជិត ១០ម៉ឺនដុល្លារដល់កម្ពុជា លើគម្រោងពង្រឹងសមត្ថភាពតាមដានអាកាសធាតុ នៅខេត្តសៀមរាប  

រដ្ឋាភិបាលឥណ្ឌា ផ្ដល់ជំនួយឥតសំណងជិត ១០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោង​ពង្រឹងសមត្ថភាព​តាមដានអាកាសធាតុ​​ នៅ​ក្នុងខេត្តសៀមរាប។

តាមដានជាមួយយើង៖ Million Times

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន ៩៩,២៥៥ ដុល្លារអាមេរិកដល់កម្ពុជានេះ បានធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈនេះ រវាងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បានឱ្យដឹងថា ជំនួយនេះ នឹងត្រូវយកទៅអនុវត្តលើគម្រោងពង្រឹងសមត្ថភាពតាមដានអាកាសធាតុ នៅក្នុងខេត្តសៀមរាប ដើម្បីជួយដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម។

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា​​រវាងកម្ពុជា និង​ឥណ្ឌា ដើម្បី​​អភិវឌ្ឍន៍​វិស័យធនធានទឹក និង​ឧតុនិយម​នៅកម្ពុជា។

ចំណែក​ឯកអគ្គរដ្ឋទូតឥណ្ឌា​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក Vanlalvawna Bawitlung ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា​ និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក ឱ្យកាន់តែរីកចម្រើន​ជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក