ទូតចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍ និងការស្តារឡើងវិញរបស់ប្រទេសកម្ពុជា

លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍ និងការស្តារឡើងវិញរបស់ប្រទេសកម្ពុជា ហើយធ្វើជាមិត្តភក្តិ និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់កម្ពុជាជានិច្ច។   

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស។

លោកថា ផលិតផលសរុបក្នុងស្រុកបានកើនឡើងពី ២.៧៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៤ ដល់ ៤៦.៣៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ហើយផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ បានកើនឡើងពី ៣០២ដុល្លារអាមេរិក ក្នុងឆ្នាំ ១៩៩៤ ដល់ ២,៧១៣ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។

លោក វ៉ាង វិនពីន បានសរសេរបន្ថែមថា «យើងជឿជាក់ថា គ្មានការលំបាកណាមួយ អាចបញ្ឈប់ជំហាននៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាបានទេ។ យើងមានទំនុកចិត្តយ៉ាងពេញលេញលើទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ យើងជឿជាក់នៅក្រោមម្លប់របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងការដឹកនាំរបស់សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជាមុខជានឹងសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍជាតិ និងការស្តារឡើងវិញរបស់ជាតិ»។ 

នៅក្នុងពិធីអបអរសាទរចំពោះខួបលើកទី ៣០ នៃសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា លោកឯកអគ្គរដ្ឋទូតចិន ក៏បានលើកឡើងដែរថា ការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់របស់សភាពាណិជ្ជកម្មចិននៅកម្ពុជា គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នៃកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក កាន់តែស៊ីជម្រៅរវាងប្រទេសចិន និងកម្ពុជា និងភាពកាន់តែរឹងមាំនៃមិត្តភាពជាដែកថែបរវាងប្រទេសទាំងពីរ។

លោកបានឱ្យដឹងថា សព្វថ្ងៃនេះ សភាពាណិជ្ជកម្មចិននៅកម្ពុជាដែលមានអាយុ៣០ឆ្នាំ កំពុងចាត់វិធានការដ៏រឹងមាំ និងមានទំនុកចិត្ត កំពុងរួបរួម និងដឹកនាំសហគ្រាសចិននៅកម្ពុជា ឲ្យខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាង សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា៕

អត្ថបត៖ វីរៈ រូបភាព៖ ហ្វេសប៊ុកលោក វ៉ាង វិនពីន