គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) សម្រេចលទ្ធផលជារួម ៨៤,៤៨%ហើយ បើគិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦នេះ។ នេះបើតាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករានេះ។

ចំណែកឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា ខណៈដែលគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) កំពុងមានវឌ្ឍនភាព និងជិតរួចរាល់នោះ ខ្សែផ្លូវនានាក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលខូចខាតដោយកត្តាអាយុកាលនៃផ្លូវ និងខូចខាតដោយគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ក្រុងកំពង់ចាមជាច្រើនខ្សែនោះ កំពុងស្តារឡើងវិញយ៉ាងមមាញឹក។

ឯកឧត្តម បានឱ្យដឹងបន្តថា ខ្សែផ្លូវធំៗសំខាន់ៗក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋានកំពុងពន្លឿននោះរួមមាន៖ ផ្លូវព្រះត្រសក់ផ្អែម, ផ្លូវព្រះសីហនុ, ផ្លូវព្រះបាទកេតុមាលា, ផ្លូវបុរីឌីឌុក, ផ្លូវជាតិលេខ៧ចាស់,ផ្លូវព្រះបាទអង្គច័ន្ទ, ផ្លូវក្បែរផ្សារធំ,ផ្លូវព្រះបាទជ័យរាជា(ក្នុងផ្សាររាត្រី), ផ្លវលេខ ៩០,ផ្លូវលេខ៥៥, ផ្លូវលេខ៧ចាស់D, ផ្លូវលេខ7ចាស់C, ផ្លូវលេខ៤៣, ផ្លូវលេខ៥១, ផ្លូវព្រះបាទសូរិយាវរ័ន្មទី២ ជាដើម។

បើតាមអ្នកនាំពាក្យដដែល «ខ្សែផ្លូវធំៗសំខាន់ៗមួយចំនួនធំ នឹងរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ»។

ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ដែរថា មកទល់ពេលនេះគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ប្រវែង ៨៥,៣៩គ.ម ប្រព័ន្ធលូទឹកភ្លៀង ៤,១៧គ.ម ព្រមទាំងស្ថានីយចម្រោះទឹកកខ្វក់សមត្ថភាព ៥ ០០០ម៣/ថ្ងៃ នៅក្រុងកំពង់ចាម សម្រេចលទ្ធផលជារួម ៩០%ហើយ។ ក្នុងនោះ គម្រោងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម ផន រឹម


