អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានណែនាំដល់ពាណិជ្ជករ និងអាជីវករ ត្រូវបញ្ឈប់ការលក់ និងចែកចាយនូវផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ ក្រោយពីមានព័ត៌មានថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide។

សេចក្ដីជូនដំណឹងរបស់ ក.ប.ប. នៅថ្ងៃទី២៧ ខែមករានេះ បានជម្រាបជូនដល់ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលក់ និងចែកចាយផលិតផលម៉ាក Babybio នៅកម្ពុជា បានជូនដំណឹងថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ ដែលកំពុងចរាចរលើទីផ្សារកម្ពុជា។

ផលិតផលទាំង ៣ប្រភេទនោះ រួមមាន៖ ១. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 894408 (Exp: 09/07/2027), ២. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 900035 (Exp: 12/08/2027) និង៣. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូតិ៍ Lot 900932 (Exp: 18/08/2027)។
ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានណែនាំថា ចំពោះពាណិជ្ជករ អាជីវករធ្វើធុរកិច្ច ផលិតផលទឹកដោះគោម្សៅ៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំង រក្សាទុកជាបណ្តោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីនៃការដកហូត ត្រលប់មកវិញ នូវផលិតផលទាំង ៣ប្រភេទខាងលើ
ចំណែកឯមាតាបិតា និងអ្នកប្រើប្រាស់៖ ជៀសវាងការទិញ ផលិតផលទឹកដោះគោម្សៅទាំង ៣ប្រភេទ ខាងលើ និង/ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយទំនាក់ទំនងមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីទទួលបាន ព័ត៌មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីប្តូរយកផលិតផលថ្មី។
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង សង្ឃឹមថា ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ នឹងសហការផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខ ១២៦៦ (Commercial Call Center: 1266)៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម


