កម្ពុជា នឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ក្រោយទទួលបានលិខិតអញ្ជើញពីលោក ដូណាល់ ត្រាំ

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

ការគូសបញ្ជាក់នេះ គឺស្របពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៦ ខែមករានេះ។  

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនេះ សម្តេចនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកនាយឧត្តមនាវី Samuel Paparo ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម “ក្រុមប្រឹក្សាសន្តិភាព” ដោយសម្ដេច បានបញ្ជាក់ថា «កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល»។

កាលពីថ្ងៃទី២១ ខែមករាកន្លងទៅនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញលិខិតរបស់លោក ដូណាល់​ ជេ​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ជូនចំពោះសម្តេច ដែលអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។

គិតត្រឹមថ្ងៃទី២៥ ខែមករា មានប្រទេសចំនួន ២៥ បានយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បន្ទាប់ពីលោកបានចុះហត្ថលេខាលើការបង្កើតធម្មនុញ្ញ នៃក្រុមប្រឹក្សានេះ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វ៊ីស កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករាកន្លងទៅនេះ។

លោកនាយឧត្តមនាវី Samuel Paparo បានថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតីថា លោកពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ចំណែកសម្តេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរនាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិបតី មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី