អ្នកឧកញ៉ា លាង ម៉េង ជួយសាងសង់អគារសិក្សាថ្មី ១ខ្នង នៅខេត្តឧត្ដរមានជ័យ ដែលរងការខូចខាតដោយសារសង្រ្គាម

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភសាងសង់អគារសិក្សាថ្មី ១ខ្នង នៅសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្រោយពីអគារសិក្សាបានរងការបំផ្លិចបំផ្លាញ ដោយសារសង្រ្គាមឈ្លានពានពីសំណាក់យោធាថៃ នាពេលកន្លងមក។

តាមដានជាមួយយើង៖ Million Times

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះថា អ្នកឧកញ៉ា លាង ម៉េង បានសម្រេចឧបត្ថម្ភការសាងសង់អគារសិក្សាថ្មី ១ខ្នង ជូនដល់សាលាបឋមសិក្សាគោកប្រាសាទ ស្ថិតក្នុងក្រុងសំរោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលបានរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារសង្រ្គាមឈ្លានពានពីសំណាក់យោធាថៃ នាពេលកន្លងមក។

ការសម្រេចផ្តល់ជូនអគារសិក្សានេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ និងអញ្ជើញអ្នកឧកញ៉ា ចុះពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងសម្រាប់ត្រៀមដំណើរការសាងសង់ក្នុងពេលឆាប់ៗ ខាងមុខនេះ។

ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឱ្យកាន់តែរឹងមាំ និងផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពដល់កុមារកម្ពុជា។

ចំណែកឯកឧត្តម មាន ចាន់យ៉ាដា ក្នុងនាមរដ្ឋបាលខេត្តឧត្ដរមានជ័យ ក៏បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានសម្រេចចិត្តឧបត្ថម្ភសាងសង់អគារសិក្សាថ្មីជូនដល់សិក្សានុសិស្ស នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ដោយសារសង្រ្គាមកន្លងមក ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ៕

អត្ថបទ៖ វីរៈ​ រូបភាព៖ ក្រសួងអប់រំ