កម្ពុជាមិនដែលរកឃើញ​ជំងឺ​ Nipah កើតលើមនុស្សនៅឡើយទេ​ តែ​ស្ថាប័នជំនាញ​កំពុងយកចិត្តទុកដាក់តាមដាន

បើទោះបីជាប្រទេសកម្ពុជា មិនដែលរកឃើញ​ជំងឺ​​នីប៉ាហ៍ (Nipah) កើតលើមនុស្សនៅឡើយក៏ដោយ ក៏ស្ថាប័នជំនាញរបស់កម្ពុជា កំពុងយកចិត្តទុកដាក់តាមដាន​ និងត្រៀមលក្ខណៈឆ្លើយតបជានិច្ច។ នេះបើយោងតាមការបង្ហោះឱ្យដឹងពីនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖ Million Times

ជំងឺ Nipah នេះ បានឆ្លងរាតត្បាតនៅប្រទេសឥណ្ឌា ដោយបានឆ្លងអ្នកជំងឺចំនួន ៥នាក់ ហើយក្នុងនោះក៏មានគ្រូពេទ្យ ២នាក់ដែរ។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លងរបស់កម្ពុជា បាន​ឱ្យដឹងថា ជំងឺ​នីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុស​ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន​ ហើយវីរុសនេះរីករាលដាលដោយផ្ទុកលើសត្វប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​។ 

ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​ ហើយ អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី​ ៤០ ទៅ ៧០ភាគរយ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំ នៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង ហើយកើតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា​។ ជំងឺនេះ ក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសិង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ ​៣០០នាក់​ ក្នុងនោះ ១០០នាក់បានស្លាប់​។

បើតាមនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានឱ្យដឹងបន្តថា មនុស្សអាចឆ្លងមេរោគ​នីប៉ាហ៍ តាមរយៈ​ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ ហើយការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​។

ដើម្បីកាត់បន្ថយការឆ្លងមេរោគនេះ គឺតាមរយៈ​លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។

អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល ៣ ទៅ ១៤ថ្ងៃ ដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម ហើយក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​។ លើសពីនេះទៀត អ្នកដែលមានរោគសញ្ញាទាំងនេះ អាចសន្លប់ក្នុងរយៈពេល ២៤ ទៅដល់ ៤៨ម៉ោង។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​បានបញ្ជាក់ថា រហូតដល់ពេលនេះ​ ប្រទេសកម្ពុជា មិនដែលរកឃើញ​ជំងឺ​ នីប៉ាហ៍​ កើតលើមនុស្សនៅឡើយទេ​ តែ​នាយកដ្ឋាន​កំពុងយកចិត្តទុកដាក់តាមដាន​ និងត្រៀមលក្ខណៈឆ្លើយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​៕

អត្ថបទ៖ វីរៈ រូបភាព៖ រូបភាព៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង