ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលបានរងការខូចខាតដោយសារសង្គ្រាមឈ្លានពានពីភាគីថៃ នាពេលកន្លងមក។

គួរឱ្យដឹងថា កងទ័ពអាកាសថៃ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានប្រើយន្តហោះចម្បាំង F16 ចំនួន ២គ្រឿង មកទម្លាក់គ្រាប់ចំនួន ៣គ្រាប់ លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។

ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ហើយស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរ រយៈពេលជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។

បន្ទាប់ពីចុះពិនិត្យស្ពានអូរជីក ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្តដំណើរចុះពិនិត្យស្ពានបុរាណអូរជីក (ស្ពានទ័ព) ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៦៨ចាស់ ដែលរងគ្រោះដោយសារសង្គ្រាមផងដែរ។
បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះស្ពានដែលរងការខូចខាត ក្រសួងនឹងរៀបចំផែនការស្តារឡើងវិញ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ


