សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចង់ឃើញការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមរយៈបណ្ដាញសង្គមផ្លូវការ នៅល្ងាចថ្ងៃទី១៣ ខែមករានេះថា សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរថាក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិ បានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, សម្ដេចពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរ និងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិ និងរបស់ប្រជាជន ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិ ឱ្យបានរឹងមាំ។
ប្រមុខរាជរដ្ឋាភិបាល បានសរសេរបន្តថា ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែគន្លឹះសំខាន់របស់ជាតិនាពេលនេះ គឺទាំងអស់គ្នាត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។
ជាមួយគ្នានេះ និងចំពោះមុខនេះមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។
ហេតុដូច្នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម


