គម្រោងសាងសង់ ទំនប់អាងទឹកវិទ្យាស្ថានតេជោសែនក្នុងខេត្តតាកែវ សម្រេចបាន ៦០ភាគរយហើយ

គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលមានសមត្ថភាពស្រោចស្រពដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតានោះ សម្រេចបានការសាងសង់ប្រមាណ ៦០ភាគរយហើយ និងគ្រោងបញ្ចប់នៅចុងខែកុម្ភៈខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។

តាមដានជាមួយយើង៖ Million Times

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

នាឱកាសនោះ លោកប្រធាននាយកដ្ឋានវិស្វកម្ម បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក។

លោកបន្តថា ថា ការសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។

បើតាមមន្ត្រីក្រសួងធនធានទឹកដដែលនេះ គម្រោងនេះ នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជម្រាបឱ្យដឹងដែរថា គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន មានការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១. សាងសង់ទំនប់អាងទឹកប្រវែង ១៣០ម៉ែត្រ ២. សាងសង់សំណង់សិល្បការ្យសរុបចំនួន ២កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦០ភាគរយ និងគ្រោងបញ្ចប់ការងារនាចុងខែកុម្ភៈ ខាងមុននេះ៕  

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក