អាជ្ញាធរ ​នឹងមិនអនុញ្ញាតឱ្យលក់ដូរ​លើដងផ្លូវ​ជុំវិញ​ផ្សារ​ដើមគរ​ចាស់ទៀតទេ ចាប់ពីថ្ងៃទី​១៨​ ខែមករាតទៅ  

អាជ្ញាធររាជធានីភ្នំពេញ ​នឹងមិនអនុញ្ញាតឱ្យអាជីវករលក់ដូរ​លើដងផ្លូវ ​ជុំវិញ​ផ្សារ​ដើមគរ​ចាស់ទៀតនោះទេ ចាប់ពីថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០២៦​តទៅ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

លោកស្រី បានឱ្យដឹងបន្តថា នៅថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញ​អាជីវករ​ដែលលក់ដូរនៅជុំវិញ​បរិវេណ​ផ្សារ​ដើមគរ​ចាស់ ទៅទស្សនាទីតាំងផ្សារដើមគរថ្មី ដើម្បីផ្លាស់ប្ដូរការប្រកបរបររកស៊ីរបស់ពួកគាត់នៅទីតាំងថ្មី។

នាឱកាសនោះដែរ អាជីវករមួយចំនួន ក៏បាន​​ចាប់​ឆ្នោត​ទទួល​តូប​លក់​ដូរ​នៅ​ទីតាំង​ផ្សារ​ដើមគរ​ថ្មី​ ហើយលោកស្រី ដោ សម្ផស្ស ក៏បានអំពាវនាវដល់អាជីវករផ្សេងទៀត ​ដែល​មិនទាន់​បាន​មកចាប់​ឆ្នោត​ សូម​រួសរាន់មកចាប់ ព្រោះ​ក្រុមហ៊ុន​ផ្សារ​កំពុង​ផ្តល់​អត្ថប្រយោជន៍​សមរម្យ​ជាច្រើន។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្វាគមន៍អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគរថ្មី) ក្រោមការសម្របសម្រួលពី​រដ្ឋបាលរាជធានីភ្នំពេញ​ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើន។

បើតាមអាជ្ញាធររាជធានីភ្នំពេញ អាជីវករ​ដែលបានស្ម័គ្រចិត្តមក​លក់ដូរនៅផ្សារដើមគរថ្មី​ បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន​ និងសម្ដែងការពេញចិត្ត​ចំពោះលក្ខខណ្ឌផ្សេងៗ​ ដែលទទួលបានរួមមាន៖ ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល ២ឆ្នាំដំបូង​ ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លើងរយៈពេល ៦ខែដំបូង​ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

​គូសបញ្ជាក់ថា ​ដើម្បីលើកកម្ពស់សោភ័ណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ​ ចាប់ពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៦​ខាងមុខនេះតទៅ​ រដ្ឋបាលរាជធានីភ្នំពេញ​ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ​ និងទ្រូងផ្លូវសាធារណៈ​ នៅមហាវិថីមុនីរ៉េត​ មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគរ​​​ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ៕

អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ