ក្រោយពីកែទម្រង់ស៊ីជម្រៅមក ទូរគមនាគមន៍កម្ពុជា (ទ.ក.) បានទទួលប្រាក់ចំណេញឡើងវិញ ចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២១មក ក្រសួង បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅ ទៅលើទូរគមនាគមន៍កម្ពុជា (ទ.ក.) ដែលជាសហគ្រាសសាធារណៈនៅក្រោមឱវាទ ក.ប.ទ. តាមរយៈការកាត់បន្ថយបុគ្គលិក ការកែសម្រួលរចនាសម្ព័ន្ធ និងនីតិវិធីការងារ ការកាត់បន្ថយចំណាយដែលមិនចាំបាច់ ការពង្រឹងអាជីវកម្មដែលមានស្រាប់ និងស្វែងរកអាជីវកម្មថ្មីៗស្របតាមនិន្នាការនៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការរបស់អ្នកប្រើប្រាស់។

ក្នុងនោះដែរ ក្រសួង ក៏បានដាក់ចេញនូវវិធានការផ្សេងៗទៀតជាច្រើន ធ្វើយ៉ាងណាពង្រឹង និងស្តារស្ថានភាពហិរញ្ញវត្ថុ នៃសហគ្រាសសាធារណៈនេះឡើងវិញ ដែលកន្លងមកបានទទួលរងការខាតបង់ជារៀងរាល់ឆ្នាំ។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ឆ្នាំនេះ បានធ្វើឱ្យទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងបន្តថា សមិទ្ធផលប្រកបដោយភាពមោទននេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់ថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់របស់ ទ.ក. ហើយនឹងជួយឱ្យ ទ.ក. អាចបន្តបោះជំហានយ៉ាងស្វាហាប់នៅលើវិថីមួយដ៏ត្រឹមត្រូវ នៅក្នុងការចាប់យកទីផ្សារ និងពង្រីកវិសាលភាពរបស់ខ្លួន នៃវិស័យទូរគមនាគមន៍កម្ពុជា កាន់តែទូលំទូលាយ ដើម្បីបង្កើនប្រាក់ចំណេញជាបន្តបន្ទាប់ទៀត។
ជាពិសេស ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដី ក.ប.ទ. និងការណែនាំរបស់ក្រុមប្រឹក្សាភិបាលនៃ ទ.ក. បច្ចុប្បន្ននេះ ទ.ក. មាន ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ ជាអគ្គនាយក ដែលជាថ្នាក់ដឹកនាំប្រតិបត្តិ មានបទពិសោធការងារប្រមាណ ២២ឆ្នាំ លើវិស័យហិរញ្ញវត្ថុនិងធនាគារ ប្រកបដោយភាពច្នៃប្រឌិត និងមានគំរូអាជីវកម្មដ៏ល្អ។ កន្លងមក ឯកឧត្តម សឿង ម៉ូរ៉ារិទ្ធ ធ្លាប់ដឹកនាំស្ថាប័នធនាគារចាប់តាំងពីបង្កើតដំបូងមានទ្រព្យសកម្មចំនួន ១០លានដុល្លារ ហើយរីកធំធាត់ដល់ប្រមាណ ៣០០លានដុល្លារ ក្នុងរយៈពេលត្រឹម ១២ឆ្នាំ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានកៀរគរធនធានមនុស្សបន្ថែមដែលមានបទពិសោធ និងជំនាញច្បាស់លាស់ មកពីវិស័យឯកជន ដែលបច្ចុប្បន្នកំពុងចូលរួមអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្រ្តក្នុងការធ្វើបរិវត្តកម្មឌីជីថល និងផ្តោតសំខាន់លើទំនុកចិត្ត ក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ ទ.ក. ក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និងអនាគតឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


