នៅក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MoU) ជាមួយតំណាងថ្នាក់ដឹកនាំនៃ Daewon University College មកពីប្រទេសកូរ៉េខាងត្បូង។

ការចុះ MoU នេះ មានគោលបំណងបើកឱកាសឱ្យសិស្ស-និស្សិតកម្ពុជា ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមស្តង់ដារ ព្រមទាំងបង្កើនលទ្ធភាពសម្រាប់និស្សិតកម្ពុជា ក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងការងាររវាងប្រទេសទាំងពីរផងដែរ។

ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ក្នុងឱកាសនោះថា ការចុះ MoU នាថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជា។ លោកថា ជឿជាក់ថា បទពិសោធន៍ និងប្រព័ន្ធអប់រំដ៏រឹងមាំរបស់មហាវិទ្យាល័យ Daewon នឹងជួយបំពេញបន្ថែមដល់សមត្ថភាពយុវជនកម្ពុជា ឱ្យកាន់តែអាចប្រកួតប្រជែងបានលើឆាកអន្តរជាតិ។

រីឯលោកស្រី Choi In Young ប្រធានកិច្ចការបរទេសនៃមហាវិទ្យាល័យ Daewon ក៏បានអរគុណ និង រីករាយក្នុងការសហការជាមួយក្រុមហ៊ុនវេសឡាញ ដើម្បីជំរុញវិស័យអប់រំឱ្យកាន់តែរីកចម្រើន។

គួរឱ្យដឹងដែរថា មហាវិទ្យាល័យ Daewon គឺជាគ្រឹះស្ថានឧត្តមសិក្សាមួយដ៏ល្បីល្បាញនៅប្រទេសកូរ៉េខាងត្បូង ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា៖ វិស្វកម្មយានយន្ត សុខាភិបាលនិងសម្ផស្ស គ្រប់គ្រងធុរកិច្ច និងបដិសណ្ឋារកិច្ច៕
អត្ថបទ៖ វីរៈ រូបភាព៖ វេសឡាញ


