ឆ្នាំ ២០២៥ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ២ពាន់ករណី

មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន​ ​បានបង្ក្រាបបទល្មើសធនធានធម្មជាតិជាង ២ពាន់ករណី ក្នុងឆ្នាំ ២០២៥កន្លងទៅនេះ ដោយក្នុងនោះបទល្មើសព្រៃឈើជាង ៧រយករណី។

តាមដានជាមួយយើង៖ Million Times

ក្រសួងបរិស្ថាន​ បាន​ឱ្យដឹងនៅថ្ងៃទី៤ ខែមករាថា ក្នុងឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ១៥២ករណី ក្នុងនោះមានបទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។

បន្ថែមលើនេះ មន្រ្តីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន ក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនសង្ស័យទៅតុលាការចំនួន ៩៥នាក់។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២៥ សកម្មភាពល្បាតបានកើនឡើងចំនួន ១ ៨៥៥លើក និងករណីបង្ក្រាបបទល្មើសធនធានធម្មជាតិថយចុះចំនួន ៣៩៣ករណី បើប្រៀបធៀបនឹងឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ការថយចុះនៃបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានតំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងជាពិសេសជាមួយអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដោយបានអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។

បើតាមក្រសួងបរិស្ថាន ក្នុងរយៈពេលជាង​ ២ឆ្នាំកន្លងមកនេះ បន្ថែមពីការដាក់ចេញនូវការអនុវត្តច្បាប់១០០ភាគរយ ចំពោះបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន ក៏បានបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប មានភាពលឿនរហ័ស ច្បាស់លាស់ និងធ្វើការអន្តរាគមន៍ចំគោលដៅ ធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានផ្តល់ផែនទីរូបភាពពីផ្កាយរណបលើបណ្តាទីតាំងចំណុចសង្ស័យ មានការកាប់រានព្រៃឈើជូនរដ្ឋបាលខេត្ត គណៈកម្មាធិការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដើម្បីពិនិត្យតាមដាន និងចាត់វិធានការតាមបញ្ញត្តិក្រមបរិស្ថាន និងធនធានធម្មជាតិ និងនីតិវិធីច្បាប់៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងបរិស្ថាន