អាជ្ញាធររាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាល បានសម្រេចនឹងបើកឱ្យដំណើរការជាធម្មតានូវ “ផ្លូវថ្មើរជើងចតុមុខ” រយៈពេល ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥ ឆ្លងចូលឆ្នាំ២០២៦។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែធ្នូនេះថា ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែរស់រវើក ស្របពេលដែលពិភពលោកទាំងមូល នឹងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៦នាពេលខាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជាធម្មតានូវ “ផ្លូវថ្មើរជើងចតុមុខ” រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី១-២ ខែមករា ឆ្នាំ ២០២៦។

លោកស្រី បានឱ្យដឹងបន្តថា ការបើកជាធម្មតានូវផ្លូវថ្មើរជើងចតុមុខនេះ ក៏នឹងមានការដាក់តាំងលក់ផលិតផលក្នុងស្រុក ម្ហូបអាហារ និងផ្ទាំងទស្សនីយ៍ភាពសិល្បៈបុរាណ-សម័យចំរុះជាច្រើន។ ប៉ុន្តែមិនមានការអុជកាំជ្រួចគ្រប់ប្រភេទក្នុងថ្ងៃឆ្លងឆ្នាំ ឆ្នាំនោះទេ។

បើតាមអ្នកនាំពាក្យដដែល ការបើកឱ្យដំណើរការជាធម្មតានូវផ្លូវថ្មើរជើងចតុមុខនេះ ក៏ដើម្បីចូលរួមអបអរសាទរក្នុងឱកាសដែលរាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅធំៗទាំង ២០ នៅលើពិភពលោកផងដែរ។

គួរឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំដាក់ឱ្យមានចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥មក ដោយបើកនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨ និង០០នាទី រហូតដល់ម៉ោង ២៣ និង០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ផ្លូវថ្មើរនេះ ទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ មានអ្នកទៅលេងកម្សាន្តរាប់ពាន់រហូតដល់ម៉ឺននាក់ឯណោះ៕
អត្ថបទ៖ វីរៈ រូបភាព៖ លោកស្រី ដោ សម្ផស្ស


