គម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ សម្រចបាន១០០ ភាគរយហើយ

គម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ សម្រចបាន១០០ ភាគរយហើយ ដោយគម្រោងមួយនេះ អាចជួយបញ្ចៀសការជន់លិចពីភូមិសាស្ដ្ររាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យសំណង់នៃគម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដែលសម្រេចបាន ១០០ភាគរយ។

ឯកឧត្ដមរដ្ឋលេខាធិការ បានឱ្យដឹងថា ការអនុវត្តគម្រោងទទួលជោគជ័យ ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសា្ថប័នពាក់ព័ន្ធ។ ឯកឧត្ដម បានបន្ថែមថា សារៈសំខាន់នៃគម្រោងមួយនេះ អាចជួយបញ្ចៀសការជន់លិចពីភូមិសាស្ដ្ររាជធានីភ្នំពេញ ជាពិសេសផ្ដល់ទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំស្រូវ ដំណាំរួមផ្សំ និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាកសិករផងដែរ។

ក្នុងដំណើរបេសកកម្ម ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា គណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលយកលទ្ធផល និងសមិទ្ធផលនៃការអនុវត្តគម្រោងនេះបានជោគជ័យ ដោយអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនិយាម ដើម្បីជួយបម្រើដល់វិស័យធនធានទឹក ប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងទំនើបកម្ម សម្រាប់សេដ្ឋកិច្ចជាតិ។

គួរឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំហានទី១ និងទី២ ដែលការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបប្រមាណ ៣៦៦កន្លែង។

គម្រោងនេះគ្របដណ្ដប់ឃុំចំនួន១៨ ស្រុកចំនួន៤ ក្នុងខេត្តកំពង់ស្ពឺ ឃុំចំនួន២៨ ក្រុង-ស្រុកចំនួន៥ ក្នុងខេត្តកណ្តាល សង្កាត់ចំនួន១០ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ និងភូមិចំនួន១៥ ឃុំចំនួន២ ស្រុកចំនួន១ ក្នុងភូមិសាស្ត្រខេត្តតាកែវ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក