ថៃ បានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើបច្ចេកវិទ្យា AI ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាពជម្លោះបច្ចុប្បន្ន និងថ្មីៗនេះ បានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូនេះ។

ឯកឧត្ដម បានឱ្យដឹងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងព័ត៌មាន បាននិងកំពុងចាត់វិធាននានា ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបែបបំពុលផ្សេងៗ មិនឱ្យរីកសាយភាយ ធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋឡើយ។ ដូច្នេះសូមសាធារណជនបន្តរក្សាភាពនឹងនរ ដោយបន្តតាមដានព័ត៌មាន ពីប្រភពផ្លូវការ, សូមកុំចែកចាយព័ត៌មានប្រភេទដូចបានរៀបរាប់ជូនខាងលើ ពិសេសព័ត៌មានអវិជ្ជមាន និងរូបភាពប្រឌិតដែលប៉ះពាល់ដល់ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជាហើយនោះ ថៃ ក៏បានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត, គឺការបង្កើតផ្សាយ Disinformation និង Malinformation, ដើម្បីបំពុលបរិយាកាសព័ត៌មាន បង្កភាពច្របូកច្របល់ និងការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ ជុំវិញស្ថានការណ៍ពិតដែលបាននិងកំពុងកើតមានឡើង ទាក់ទងនឹង ជម្លោះព្រំដែននេះ។

ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយទាំងនេះ មានចំនួនជាង ២៦០ករណី គិតចាប់តាំងពីថ្ងៃ ដែលថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជា គឺចាប់ពីថ្ងៃទី៧ មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដែលក្រសួងព័ត៌មានបានអនុវត្តវិធានការ ជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាលនិងអាជ្ញាធរ ក្នុងខេត្តពាក់ព័ន្ធ។

ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា ភាគច្រើននៃព័ត៌មានក្លែងក្លាយ ទាំងនោះមានប្រភពចេញមកពីថៃ និងក្រុមអគតិក្រៅប្រទេស ហើយព័ត៌មានក្លែងក្លាយបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ដែលក្នុងចំណោមនោះ មានព័ត៌មានបែបប្រឌិតផ្ទុយពីស្ថានភាពពិតជាក់ស្តែង ការផ្សាយបំភ្លៃខុសពីការពិត ដើម្បីញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការបង្ការទប់ស្កាត់ការសាយភាពព័ត៌មានក្លែងក្លាយ ពិសេសប្រភពពីក្រៅប្រទេស និងសូមចូលរួម «Report» ការផុសព័ត៌មានបំភ្លៃ ការផ្សាយបែបបំពុល និងគណនីដែលផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែករក្សាសុវត្ថិភាពព័ត៌មាននៅទូទាំងប្រទេស៕
អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម ទេព អស្នារិទ្ធ


