អ្នកឧកញ៉ា ម៉ម វណ្ណឌី ជួបជាមួយអតីតយុទ្ធជន និងនិវត្តជន ជម្រាបជូនគម្រោងចិញ្ចឹមជ្រូកកណ្ដុរ

អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ និងមន្រ្តីជំនាញរបស់សមាគមចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីជម្រាបជូនពីគម្រោងជួយគាំទ្រ និងលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន តាមរយៈគម្រោងចិញ្ចឹមជ្រូកកណ្ដុរ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា ម៉ម វណ្ណឌី ដែលជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាផងនោះ បានឱ្យដឹងថា អ្នកឧកញ៉ា បានជួបជាមួយក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាចំនួន ១០០គ្រួសារនៅទីតាំងខាងលើនេះ គឺដើម្បីផ្សព្វផ្សាយអំពីការចិញ្ចឹមជ្រូកកណ្តុរ តាមគ្រួសារសហគម៍ និងមានការទទួលទិញត្រឡប់មកវិញរបស់ក្រុមហ៊ុន ផាសិនគ្រុប។

ទំព័រហ្វេសប៊ុករបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានឱ្យដឹងបន្ថែមថា ក្នុងជំនួបនោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបញ្ជាក់ថា គម្រោងចិញ្ចឹមជ្រូកកណ្ដុរនេះ គឺជាកិច្ចសហការជាមួយក្រុមហ៊ុនឯកជន និងសមាគម ដើម្បីបន្តជួយគាំទ្រវិស័យអតីតយុទ្ធជន និងនិវត្តជន ឱ្យមានមុខរបរប្រចាំថ្ងៃអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្អង់ជីវភាពគ្រួសារ។

អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ ជានិច្ចជាកាលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសប្បុរសធម៌នានា ជាពិសេសក្នុងវិស័យអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈការឧបត្ថម្ភថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធសមាគម ដែលមានដូចជាការសាងសង់ស្នាក់ការសមាគម ការសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងជួយផ្ដល់ការគាំទ្រការលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគាត់។

ដូច្នេះហើយ កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមបានសម្រេចតែងតាំងអ្នកឧកញ៉ាជាអនុប្រធានសមាគម ដើម្បីរួមចំណែកបំពេញបេសកកម្មបម្រើវិស័យអតីតយុទ្ធជន និងនិវត្តជន ឱ្យបានល្អប្រសើរថែមទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ សមាគមអតីតយុទ្ធជន