សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា មហាគ្រួសារកម្ពុជា មហានៃសាមគ្គីភាពស្មារតីតែមួយ សំឡេងតែមួយបានស្រែកឡើងដូចគ្នា គឺកម្ពុជាត្រូវការសន្តិភាព (Cambodia Needs Peace) សូមផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុត។

ការលើកឡើងនេះ ស្របពេលដែលមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។

តាមរយៈបណ្ដាញសង្គមតេលេក្រាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា សំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់ តាមរយៈការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា កម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ។

ក្នុងនោះដែរ ប្រមុខរាជរដ្ឋាភិបាល បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លើសពីនេះទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ ដើម្បីផ្តល់ឱកាសឱ្យមហាគ្រួសារខ្មែរចូលរួម និងសម្តែងមតិក្នុងការចង់បានសន្តិភាព៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចធិបតី


