តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានជំរុញឱ្យប្រទេសថៃ និងប្រទេសកម្ពុជា ស្តារឡើងវិញជាបន្ទាន់នូវបទឈប់បាញ់ ហើយថា សហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។

យោងតាមសេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១៧ ខែធ្នូនេះ បានលើកឡើងថា ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។
លោកស្រី បន្តថា «នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ សហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់»។
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានបញ្ជាក់ថា នេះគឺជាសារដែលលោកស្រី បានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សាកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូនេះ។
គិតត្រឹមថ្ងៃទី១៧ ខែធ្នូនេះ គឺជាថ្ងៃទី១១ហើយ ដែលយោធាថៃបានឈ្លានពានមកលើទឹកដីកម្ពុជាជាថ្មី ដោយបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងដល់ ១៧នាក់ និងរងរបួសជនស្លូតត្រង់ចំនួន ៧៧នាក់។
ក្រសួងការពាជាតិកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ទូតអឺរ៉ុប


