ធនាគារ ជីប ម៉ុង សម្រេចលុបបំណុលជូនយោធិនពលី និងពិការ ក្នុងសមរភូមិការពារបូរណភាពទឹកដី

ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយជនជាតិខ្មែរ ១០០ភាគរយនោះ បានសម្រេចលុបបំណុលចោលទាំងស្រុងជូនយោធិនពលី និងពិការ ក្នុងសមរភូមិការពារបូរណភាពទឹកដី បន្ទាប់ពីធនាគារនេះ បានឧបត្ថម្ភជាថវិកា ៣លានដុល្លារ ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ ជីប ម៉ុង នៅថ្ងៃទី១៦ ខែធ្នូនេះ បានឱ្យដឹងថា ក្រោមស្មារតីមនុស្សធម៌ សាមគ្គីភាព និងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសេចក្ដីណែនាំដែលបានចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនយោធិនពលីជីវិត និងយោធិនពិការ នៅក្នុងប្រតិបត្តិការ ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

កាលពីពេលថ្មីៗនេះ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ ធនាគារ ជីប ម៉ុង ក៏បានឧបត្ថម្ភជាថវិកា ៣លានដុល្លារអាមេរិក (៣,០០០,០០០) រួមទាំងអង្ករ ៣០០តោន និងទឹកពិសាកម្ពុជា ៣០ ០០០កេស ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក។

ធនាគារ ជីប ម៉ុង ដែលមានអ្នកឧកញ៉ា លាង ម៉េង ជាអគ្គនាយក បានគោរពកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា និងការលះបង់ដ៏ធំធេងនៅក្នុងកិច្ចការពារជាតិមាតុភូមិសម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ។

ជាមួយគ្នានេះ ធនាគារ ជីប ម៉ុង និងប្រជាជនកម្ពុជាទាំងអស់ សូមចងចាំជានិច្ចនូវគំរូវីរភាពដ៏អង់អាចនេះ និងប្ដេជ្ញាបន្តរួមចំណែកគាំទ្រ កសាង និងការពារជាតិមាតុភូមិឱ្យបានរឹងមាំជានិរន្តរ៍៕

អត្ថបទ៖ វីរៈ​ រូបភាព៖ ធនាគារ ជីប ម៉ុង