កម្ពុជា-វៀតណាម ឯកភាពរៀបចំគម្រោងដឹកជញ្ជូនតភ្ជាប់រវាងប្រទេសទាំងពីរ ពិសេសច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង

កម្ពុជា-វៀតណាម ឯកភាពរៀបចំគម្រោងដឹកជញ្ជូនតភ្ជាប់រវាងប្រទេសទាំងពីរ ជាពិសេសច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដើម្បីជំរុញការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែនក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ នឹងបច្ចេកវិទ្យា ដែលផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូនេះ។

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងបន្តថា កាលពីថ្ងៃទី៩ ខែធ្នូកន្លងទៅនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេសវៀតណាម បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

នៅក្នុងឱកាសកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម ឡេ ហើយជុង បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៃប្រទេសរៀងៗខ្លួន និងបានពិភាក្សាអំពីវិធានការណ៍នានា យ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ភាគីទាំងពីរ បានឯកភាពរៀបចំគម្រោងដឹកជញ្ជូនតភ្ជាប់កម្ពុជា និងវៀតណាម ជាពិសេសច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដើម្បីជំរុញការដឹកជញ្ជូនទំនិញ និង អ្នកដំណើរឆ្លងកាត់ព្រំដែននៅក្នុងតំបន់។

បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានឯកភាពពន្លឿនការពិភាក្សាលើចំណុចតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ហូជីមិញ-ម៉ុកបៃ និងបានឯកភាពសិក្សារួមគ្នា អំពីលទ្ធភាពបង្កើតផ្លូវដែកតភ្ជាប់ ភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ។

ក្នុងនោះដែរ ភាគីទាំងពីរទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅតែជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធ ក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មចំនួន ២០ពាន់លានដុល្លារនាពេលខាងមុខ តាមការសម្រេចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

អត្ថបទ៖ វីរៈ​ រូបភាព៖ ក្រសួងការបរទេស