ស្ថានទូតអាមេរិក៖ ភាពជាដៃគូរវាងអាមេរិក និងកម្ពុជា កាន់តែរឹងមាំជាងពេលណាទាំងអស់

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ភាពជាដៃគូរវាងអាមេរិក និងកម្ពុជា កាន់តែរឹងមាំជាងពេលណាទាំងអស់ ហើយអាមេរិករីករាយធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីកសាងអនាគតមួយឈរលើការគោរពគ្នា។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅល្ងាចថ្ងៃទី១៥ ខែធ្នូនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា អាមេរិក មានកិត្តិយសក្រៃលែងក្នុងការប្រារព្ធខួបទី៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅក្នុងឧទ្យានអង្គរ ដែលនេះជានិមិត្តរូបពិតប្រាកដមួយ នៃប្រវត្តិសាស្ត្រ ភាពរឹងប៉ឹង និងស្មារតីរបស់កម្ពុជា។

ស្ថានទូតអាមេរិក បានឱ្យដឹងបន្តថា ក្នុងពេលដែលប្រារព្ធពិធីបិទបញ្ចប់ខួបទី៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងទាំងពីរ គឺបានរំលឹកឡើងវិញនូវអ្វីដែលអាមេរិក និងកម្ពុជា បានសម្រេចរួមគ្នា ដោយអាមេរិកជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងទឹកប្រាក់ចំនួនជាង ៣ពាន់លានដុល្លារ។

ម្យ៉ាងទៀត អាមេរិក ក៏បានជួយអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងទឹកប្រាក់ចំនួន ៦លានដុល្លារ ដោយរួមមានប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ហើយក៏បានឧបត្ថម្ភកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដែលមាននិស្សិតចូលរួមពាន់នាក់ និងផ្សាភ្ជាប់វប្បធម៌របស់យើងទាំងពីរ។

ស្ថានទូតអាមេរិក បានគូសបញ្ជាក់ថា ភាពជាដៃគូរបស់យើងកាន់តែរឹងមាំជាងពេលណាទាំងអស់។ យើងរីករាយនឹងធ្វើការរួមគ្នា ដើម្បីកសាងអនាគតមួយឈរលើការគោរពគ្នា និងគុណតម្លៃរួម»។

កាលពីថ្ងៃទី៨ ខែធ្នូកន្លងទៅនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអ្នកស្រី Bridgette Walker ភារៈធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនៃការប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងអាមេរិក នៅប្រាសាទក្រវ៉ាន់ ខេត្តសៀមរាប។

ក្នុងពិធីនោះ អ្នកស្រី Bridgette Walker បានថ្លែងថា ក្នុងរយៈពេល ៧៥ឆ្នាំមកនេះ អាមេរិក និងកម្ពុជា បានក្លាយជាដៃគូ នៃកិច្ចសហប្រតិបត្តិការផ្នែកស៊ីវិលជាច្រើនដូចជា៖ ការជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ផ្នែកអប់រំ ជួយជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគទុន ព្រមទាំងកិច្ចសហប្រតិបត្តិការរួមគ្នាផ្នែកយោធា ហើយនិងជួយដល់ការងារអភិរក្សវប្បធម៌ និងសម្បត្តិបេតិកភណ្ឌជាដើម។

ចំណែកលោកជំទាវ ភឿង សកុណា បានថ្លែងថា ទំនាក់ទំនងការទូត និងមិត្តភាពរយៈពេល ៧៥ឆ្នាំមកនេះ បានធ្វើឱ្យកម្ពុជា និងអាមេរិក ក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។ លោកជំទាវ បន្តថា បេតិកភណ្ឌវប្បធម៌របស់កម្ពុជា គឺជាអរិយធម៌ដ៏អស្ចារ្យមួយរបស់ពិភពលោក ហើយរយៈពេលជាច្រើនទសវត្សរ៍មកនេះអាមេរិក គឺជាដៃគូដ៏មានតម្លៃនៅក្នុងការងារអភិរក្ស៕

អត្ថបទ៖​ វីរៈ រូបភាព៖ ស្ថានទូតអាមេរិក