កម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុង នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ

ក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ។

តាមដានជាមួយយើង៖ Million Times

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដោយយោងលើការវិវត្តនៃស្ថានភាពព្រំដែន ដែលភាគីថៃបានកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយវាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួស ព្រមទាំងប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។

ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិ សាសន៍ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃ ត្រូវបន្តរស់នៅ និងធ្វើការក្នុងប្រទេសថៃជាធម្មតា។ ដូចគ្នាដែរ ប្រជាពលរដ្ឋថៃដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជាជាធម្មតាដែរ រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះ គឺដើម្បី ធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ កុំឱ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរ ពិសេសការឆ្លងកាត់ តាមព្រំដែន។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរគ្រប់រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ផ្តល់ការគាំពារគ្រប់បែបយ៉ាងអស់ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងឡាយ ទាំងអ្នករស់នៅតំបន់ព្រំដែន និងទូទាំងប្រទេស ឱ្យបានដូចគ្នានឹងប្រជាពលរដ្ឋ កម្ពុជាដែរ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃ ផ្តល់ការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដូចគ្នាដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមហាផ្ទៃ