ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ(ស្ពានមេទឹក) ដែលត្រូវកងទ័ពថៃប្រើយន្តហោះបាញ់ផ្តាច់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ផន រឹម បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះថា ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងបន្ថែមថា «នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ»។

កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងទ័ពថៃ បានប្រើប្រាស់យន្តចម្បាំងហោះ F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចជា៖ នៅវេលាម៉ោង ៦ និង២នាទីព្រឹក យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់, នៅវេលាម៉ោង ៦ និង៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត និងនៅម៉ោងវេលាម៉ោង ៦ និង១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ (ស្ពានចាស់) ចំនួន ១គ្រាប់។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងការសោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពយោធាថៃ ដែលបានប្រើប្រាស់យន្តចម្បាំងហោះF-16 ទម្លាក់គ្រាប់បែកកម្ទេចស្ពានជ័យជំនះរបស់កម្ពុជា នាពេលនេះ។

គួរឱ្យដឹងថា ស្ពានជ័យជំនះ (ស្ពានមេទឹក) ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។
ស្ពាននេះ ចែកចេញជា ៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង៕
អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម ផន រឹម


