គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃ និងយង់ឃ្នងរបស់មេយោធាថៃ ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និង ភាគីពាក់ព័ន្ធដទៃទៀត ដើម្បីឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ និងចាត់វិធានការជាបន្ទាន់។

យោងតាមសេចក្ដីថ្លែងការណ៍របស់ គ.ស.ម.ក. នៅល្ងាចថ្ងៃទី១១ ខែធ្នូនេះ បានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃ ក្រោមការដឹកនាំរបស់លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ ថៃ ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងភូមិសាស្ត្រ ដែលមានប្រជាជនស៊ីវិលរស់នៅខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង និងព្រះវិហារ ព្រមទាំងការបំផ្លិចបំផ្លាញ ប្រាសាទបុរាណ ដែលជាបេតិកភណ្ឌជាតិនិងពិភពលោក។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងទៀតថា ទង្វើអមនុស្ស និងយង់ឃ្នងទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ផងដែរ។ យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ការវាយប្រហារ ឬគោលដៅនៃការវាយប្រហារចំពោះទីតាំងជនស៊ីវិល គឺត្រូវហាមឃាត់ជាដាច់ខាត ហើយការប្រើប្រាស់ផ្សែងពុល គឺជាការរំលោភបំពានអនុសញ្ញា ស្តីពី អាវុធគីមី ដែលប្រទេសថៃជាភាគី។
គ.ស.ម.ក. បានបញ្ជាក់ថា ស្ថាប័នរបស់ខ្លួន នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃ និងយង់ឃ្នងរបស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ ២ ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ ១ថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការជាបន្ទាន់ និងម៉ឺងមាត់ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានា របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ អំពីករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃ មកលើប្រទេសកម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ គ.ស.ម.ក.


