ភារៈធារីទូតអាមេរិក៖ អាមេរិក-កម្ពុជា បានក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការផ្នែកស៊ីវិលជាច្រើន

អ្នកស្រី Bridgette Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការផ្នែកស៊ីវិលជាច្រើន។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ ស្របពេលដែលអ្នកស្រី និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីនៃការប្រារព្ធខួបលើកទី ៧៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅប្រាសាទក្រវ៉ាន់ ខេត្តសៀមរាប នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងនៅក្នុងការប្រារព្ធខួប៧៥ឆ្នាំនេះ អ្នកស្រី Bridgette Walker បានលើកឡើងថា ក្នុងរយៈពេល៧៥ឆ្នាំមកនេះ សហរដ្ឋអាមេរិក និងកម្ពុជា បានក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការផ្នែកស៊ីវិលជាច្រើន ដូចជា ការជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ផ្នែកអប់រំ ជួយជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគទុន ព្រមទាំងកិច្ចសហប្រតិបត្តិការរួមគ្នាផ្នែកយោធា ហើយនិងជួយដល់ការងារអភិរក្សវប្បធម៌និងសម្បត្តិបេតិកភណ្ឌជាដើម។

ចំណែកលោកជំទាវ ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ទំនាក់ទំនងការទូតនិងមិត្តភាពរយៈពេល ៧៥ឆ្នាំមកនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។

លោកជំទាវ បានបញ្ជាក់ទៀតថា បេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា គឺជាអរិយធម៌ដ៏អស្ចារ្យមួយរបស់ពិភពលោក ហើយរយៈពេលជាច្រើនទសវត្សរ៍មកនេះសហរដ្ឋអាមេរិក គឺជាដៃគូដ៏មានតម្លៃនៅក្នុងការងារអភិរក្ស៕

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ទៀតថា រយៈពេលជាច្រើនឆ្នាំមកហើយ សហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិប្រាសាទ(WMF) បានជួយលើកិច្ចការអភិរក្សវប្បធម៌ ជាច្រើន ដូចជាការពារសាស្ត្រាស្លឹករឹត សិល្បៈប្រពៃណី ការអប់រំប្រវត្តិសាស្ត្រ និងការជួសជុលប្រាសាទបុរាណនៅភ្នំបាខែង ព្រះខ័ន និងប្រាសាទតាសោម ជាដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងវប្បធម៌