សម្ដេចតេជោ ហ៊ុន សែន សរសើរអតីតរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​​សេដ្ឋកិច្ចបច្ចុប្បន្នថា ជាមេផ្ទះដ៏ល្អចេះសន្សំសំចៃ

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានសរសើរអតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ឯកឧត្តម គាត ឈន់ និងរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុបច្ចុប្បន្ន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថាជាមេផ្ទះដ៏ល្អ ដោយសម្ដេចចង់មានន័យថា ជាអតីតរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែលចេះសន្សំសំចៃថវិកា។

តាមដានជាមួយយើង៖ Million Times

តាមរយៈសារបំភ្លឺមួយទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នៅរសៀលថ្ងៃទី៦ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីឈ្មោះឯកឧត្តម គាត ឈន់ អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុបច្ចុប្បន្ន។

នៅក្នុងសារនោះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំពិតជាមានសំណាងដែលជាង ២០ឆ្នាំចុងក្រោយនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង ៣៨ឆ្នាំ ខ្ញុំមានមេផ្ទះដ៏ល្អ ២រូប ទី១ ឯកឧត្តម គាត ឈន់ និងទី២ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។ មេផ្ទះទាំងពីររូប មិនមែនជាស្រីកញ្ជើធ្លុះទេ តែជាមេផ្ទះដែលចេះសន្សំ ពិសេសដំណាក់កាល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាដំណាក់កាលថវិកាដែលទុកចិត្តបាន និងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ»។

សម្ដេចប្រធានព្រឹទ្ធសភា បានរំលឹកថា តាមការចង្អុលណែនាំរបស់សម្ដេច ដែលបានប្រាប់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងសមាជិករាជរដ្ឋាភិបាលផ្សេងទៀតថា ត្រូវសន្សំសាច់ប្រាក់ដើម្បីកុំឱ្យលំបាកខ្វះសាច់ប្រាក់បើកប្រាក់ខែ។ បើចង់សល់សាច់ប្រាក់ ត្រូវសន្សំគឺរកបាន ១០ចាយតែ ៧ឬ ៨ សន្សំបាន ២ ឬ ៣។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា «មុនកូវីដមកដល់សាច់ប្រាក់ក្នុងរតនាគារជាតិមានជិត ៤ពាន់លានដុល្លារ ដែលពេលនោះ ខ្ញុំមានគម្រោងដកយកពី ១ ៥០០លាន ទៅ ២ ០០០លាន ដើម្បីវិនិយោគលើផ្លូវស្ពាន និងប្រឡាយទឹកតែជាអកុសលជំងឺកូវីដមកសម្លាប់ ជីវិតប្រជាជនយើង។ យើងគ្មានជម្រើសណាផ្សេង ក្រៅពីយកលុយនេះមកការពារជីវិតប្រជាជន និងជួយប្រជាជននោះទេ។ តែទោះយ៉ាងណា សាច់ប្រាក់នៅរតនាគារនៅតែធានាការចំណាយ ដោយបើកបៀវត្សមួយខែពីរដង ដដែល»៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម