អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ជាថ្មីថា ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ។

ការគូសបញ្ជាក់ជាថ្មីនេះ គឺឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពី ភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់។
សេចក្ដីថ្លែងការណ៍នេះ បានឱ្យដឹងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។
អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងបន្តថា ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។
ប្រភពដដែល បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់ គ្រប់ទម្រង់៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេស


