លោក Michiel Oerlemans នាយកគ្រប់គ្រងក្រុមហ៊ុន Cambrew ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Carlsberg Group បានបង្ហាញពីការព្រួយបារម្ភអំពីការប្រកួតប្រជែងទីផ្សារដ៏ខ្លាំងក្លានៅកម្ពុជា តាមរយៈយុទ្ធនាការធ្វើប្រមូសិនហួសហេតុ ដែលជះឥទ្ធិពលអវិជ្ជមានដល់វិស័យភេសជ្ជៈទាំងមូល។

ការបង្ហាញការព្រួយបារម្ភនេះ គឺនៅក្នុងជំនួបចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោក Oerlemans បានណែនាំខ្លួន និងបទពិសោធន៍ជាច្រើនទសវត្សរ៍របស់លោក នៅក្នុងឧស្សាហកម្មភេសជ្ជៈ រួមទាំងតួនាទីជាន់ខ្ពស់ក្នុងក្រុមហ៊ុន Carlsberg Group នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឡាវ មុនពេលមកដឹកនាំប្រតិបត្តិការក្រុមហ៊ុននៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍នាយកគ្រប់គ្រងថ្មី និងបានកោតសរសើរចំពោះការរួមចំណែករបស់ Cambrew ដល់វិស័យឧស្សាហកម្មកម្ពុជា ក្នុងនាមជាសាជីវកម្មដែលមានការទទួលខុសត្រូវ និងជាអ្នកផ្តល់ចំណូលពន្ធដល់រដ្ឋ។
ឯកឧត្តម បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាល បានផ្អាកការផ្តល់អាជ្ញាប័ណ្ណបង្កើតរោងចក្រផលិតស្រាបៀរថ្មី លើកលែងតែសម្រាប់គោលបំណងនាំចេញប៉ុណ្ណោះ ទន្ទឹមនឹងនោះក៏បានចេញបទ ប្បញ្ញត្តិហាមឃាត់ការធ្វើប្រមូសិនហួសហេតុ ដែលអាចជំរុញឱ្យមានការប្រើប្រាស់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ផងដែរ។
ឯកឧត្តម បានលើកឡើងថា៖ “ការប្រណាំងប្រជែងតម្លៃ” តាមរយៈយុទ្ធនាការបញ្ចុះតម្លៃ ឬផ្តល់រង្វាន់ មិនបានជួយដល់ឧស្សាហកម្ម ឬអ្នកប្រើប្រាស់ទេ។”
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យ Cambrew បង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីជួយលើកកម្ពស់ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងស្នើឱ្យក្រុមហ៊ុនគាំទ្រអ្នកអង្គសេដ្ឋកិច្ចប្រព័ន្ធ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ភេសជ្ជៈ ពិសេសអ្នកផ្សព្វផ្សាយលក់ស្រាបៀរ អាជីវករលក់ភេសជ្ជៈតាមដងផ្លូវ តាមតៀមតូប ឬដេប៉ូភេសជ្ជៈតូចៗ ឱ្យចូលរួមចុះឈ្មោះ ដើម្បីទទួលបានការការពារ និងអត្ថប្រយោជន៍នានា។
លោក Oerlemans បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ ដោយបញ្ជាក់ថាក្រុមហ៊ុន Cambrew នឹងពិចារណាគាំទ្រ ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសាជីរកម្មរបស់ខ្លួន៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម


